ក្រសួងការពារជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ បានទិញរថក្រោះ និងរថពាសដែកថ្មីពីប្រទេសអឺរ៉ុបខាងកើតជាង ៩០គ្រឿង ដើម្បីត្រៀមការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់បរទេស។
កម្ពុជានឹងមានរថក្រោះថ្មីប្រភេទ T-55 ចំនួន ៥០គ្រឿង និងរថពាសដែកចំនួន ៤៤គ្រឿង និងរថយន្តសម្រាប់ដឹករថក្រោះចំនួន ៣គ្រឿង ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៨ កញ្ញា តាមច្រកសមុទ្រកំពង់ផែព្រះសីហនុ ហើយនឹងបញ្ជូនមកភ្នំពេញ នៅថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ពីប្រទេសអឺរ៉ុបខាងកើត។ មន្ត្រីយោធាមិនបានបញ្ជាក់ពីឈ្មោះនៃប្រទេសអឺរ៉ុបទេ ដោយសារការសម្ងាត់ក្នុងផ្នែកយោធា។
ការប្រកាសរបស់មន្ត្រីការពារជាតិ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិនិត្យមើលឃ្លាំងសម្ភារៈយោធារបស់ចិន។ មន្ត្រីជាន់ខ្ពស់យោធាដែលបានសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោក ទៀ បាញ់ នឹងអាចស្វែងរកទិញឧទ្ធម្ភាគចក្រយោធាប្រភេទដឹកជញ្ជូនពីប្រទេសចិន។
ទោះបីមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាបានលើកឡើងថា ការទិញសម្ភារៈយោធាទំនើបថ្មីនេះ មិនមែនជាការបង្ហាញសាច់ដុំរបស់កម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ដោយ ក៏អ្នកវិភាគស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា និងថៃ បានឲ្យដឹងថា កម្ពុជាកំពុងត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់ពីការឈ្លានពានរបស់បរទេស ជាពិសេសគឺប្រទេសថៃ។ អ្នកវិភាគបានឲ្យដឹងថា ទោះបីកងទ័ពកម្ពុជាមានបទពិសោធន៍ប្រយុទ្ធ ប៉ុន្តែសម្ភារៈយោធាកម្ពុជានៅមានការខ្វះខាត បើប្រៀបធៀបនឹងសម្ភារៈយោធារបស់ថៃ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅថ្ងៃពុធ ទី១៥ កញ្ញា បានបញ្ជាក់ថា កម្ពុជានឹងមានរថក្រោះ និងរថពាសដែកចំនួនជិត ១០០គ្រឿងថ្មីបន្ថែមទៀត ដើម្បីពង្រឹងកម្លាំងយោធាកម្ពុជា។
លោក កុយ គួង បន្ថែមទៀតថា វាជាការធម្មតាទេសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួនសម្រាប់ការពារទឹកដីកម្ពុជា ហើយសម្ភារៈយោធាថ្មីមិនមែនជាការគំរាមកំហែងទៅដល់ប្រទេសជិតខាង នោះទេ។
លោក កុយ គួង បានឲ្យដឹងបន្តទៀតថា កម្ពុជានឹងទទួលបានរថក្រោះ និងរថពាសដែកបន្ថែមទៀត បន្ទាប់ការដឹកជញ្ជូនរថក្រោះ និងរថពាសដែកជិត ១០០គ្រឿងមកដល់កម្ពុជាហើយនោះ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា មិនត្រឹមតែបង្កើនសមត្ថភាពយោធារបស់ខ្លួននោះទេ ក្រសួងបានប្រកាសកាលពីថ្ងៃទី១ ខែសីហា ឲ្យដឹងថា ក្រសួងនឹងចាប់ផ្ដើមរៀបចំទាហានបម្រុងរបស់កងយោធពលខេមរភូមិន្ទ សម្រាប់តម្រូវការចាំបាច់របស់ប្រទេសជាតិ និងសម្រាប់ត្រៀមជាកម្លាំងរង់ចាំបំពេញភារកិច្ចតាមត្រូវការរបស់កង យោធពលខេមរភូមិន្ទ។
សមាជិកយោធិនបម្រុងដែលនឹងជ្រើសរើសរួមមាន៖ យោធិនជាប់កិច្ចសន្យា, យោធិនអាជីពដែលចូលនិវត្តន៍ ឬលាឈប់ពីការងារមុនអាយុកំណត់ចូលនិវត្តន៍, យោធិនជាប់កិច្ចសន្យាដែលបានបញ្ចប់កិច្ចសន្យាបន្ទាប់ពីបានទទួលការ បណ្ដុះបណ្ដាលពីក្រសួងការពារជាតិ និងពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធា។ យោធិនបម្រុងទាំងនោះ នឹងតម្រូវឲ្យបម្រើភារកិច្ចយ៉ាងតិចចំនួនពី ៣ខែ ទៅ ៤ខែ។
ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជាម យៀប នៅថ្ងៃពុធ មានប្រសាសន៍ថា លោកនៅមិនទាន់ដឹងព័ត៌មានអំពីការទិញសម្ភារៈយោធានៅឡើយទេ។ ប៉ុន្តែរដ្ឋសភាបានអនុម័តកញ្ចប់ថវិកាពិសេសចំនួន ៣០លានដុល្លារ សម្រាប់តម្រូវការរបស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសិទ្ធិប្រើប្រាស់ថវិកានេះ។
លោក ជាម យៀប បន្ថែមថា ប្រសិនបើថវិកាដើម្បីទិញសម្ភារៈយោធាមានតម្លៃខ្ពស់ រដ្ឋាភិបាលត្រូវតែសុំការអនុញ្ញាតពីរដ្ឋសភា មុនពេលទិញសម្ភារៈទាំងនោះ។ លោកថា ថវិកាឆ្នាំ២០១០ របស់វិស័យការពារជាតិ និងសន្តិសុខ មានចំនួនប្រហែល ៥០០លានដុល្លារ។
អ្នកវិភាគនយោបាយ លោក សុខ ទូច បានហៅការទិញសម្ភារៈយោធារបស់កម្ពុជាថា ជាការត្រៀមខ្លួនដើម្បីការពារប្រទេសពីការឈ្លានពានរបស់ថៃ ក្រោយពេលកម្ពុជា និងថៃ បានជួបវិបត្តិព្រំដែន ដោយមិនទាន់អាចដោះស្រាយបាននៅឡើយ។
កម្ពុជាបានកែទម្រង់សមត្ថភាពកងទ័ពកម្ពុជា បន្ទាប់ពីកងទ័ពថៃ បានចូលឈ្លានពានទឹកដីកម្ពុជា នៅក្បែរប្រាសាទវិហារខ្មែរកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះប្រទេសថៃ នៅតែរក្សាទុកកម្លាំងរបស់ខ្លួនក្នុងវត្តកែវសិក្ខាគិរីស្វារៈរបស់ ខ្មែរ ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រពីប្រាសាទព្រះវិហារ ហើយកាលពីខែសីហា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajeva) បានគំរាមប្រើមធ្យោបាយយោធា ប្រសិនបើថៃមិនអាចដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបាន។
កំណែទម្រង់សមត្ថភាពយោធាកម្ពុជា រួមមានការបំពាក់អាវុធថ្មី សម្លៀកបំពាក់យោធា និងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ព និងមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា និងវៀតណាមក។ កាលពីថ្ងៃទី១៣ កញ្ញា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋលេខាធិការក្រសួងការពារជាតិវៀតណាម លោក ង្វៀន ជីវិញ (Nguyen Chi Vinh) មន្រ្ដីយោធាកម្ពុជា និងវៀតណាម បានសន្យាពង្រឹង និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យយោធា ដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់ និងនៅតាមព្រំដែនប្រទេសទាំងពីរ និងការបណ្ដុះបណ្ដាលមន្ត្រីយោធាកម្ពុជានៅក្នុងប្រទេសវៀតណាម។
លោក សុខ ទូច បន្ថែមទៀតថា ទោះបីសមត្ថភាពសម្ភារៈកងទ័ពថៃ មានលក្ខណៈប្រសើរជាងកងទ័ពកម្ពុជាក៏ដោយ កងទ័ពកម្ពុជាមានឆន្ទៈប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅថ្ងៃពុធ ទី១៥ កញ្ញា គាំទ្ររដ្ឋាភិបាលក្នុងការទិញសម្ភារៈយោធាដើម្បីការពារទឹកដី កម្ពុជា ប៉ុន្តែលោកស្នើឲ្យមានការទិញសម្ភារៈយោធាដោយមានការដេញថ្លៃ និងចៀសវាងអំពើពុករលួយ។ លោក យឹម សុវណ្ណ បន្ថែមទៀតថា ទោះបីកម្ពុជាមានសម្ភារៈល្អក៏ដោយ រដ្ឋាភិបាលកម្ពុជាក៏ត្រូវតែគិតគូរដល់ជីវភាពកងទ័ព ដើម្បីពង្រឹងទឹកចិត្តកងទ័ពក្នុងការប្រយុទ្ធ។
គេហទំព័រភ្នាក់ងារស៊ើបការណ៍កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) បានឲ្យដឹងថា ធនធានមនុស្សនៅកម្ពុជាសម្រាប់ធ្វើទាហានមានចំនួន ៤លាននាក់ ហើយការចំណាយវិស័យកងទ័ពមានចំនួន ៣% នៃផលិតផលសរុបក្នុងស្រុក។ ចំណែកថៃមានធនធានមនុស្សសម្រាប់ធ្វើទាហានចំនួនដល់ទៅ ២៧លាននាក់ និងការចំណាយលើវិស័យកងទ័ពថៃមានចំនួនតែ ១,៨% នៃផលិតផលសរុបក្នុងស្រុក៕
No comments:
Post a Comment